ក្រោយជាប់ពន្ធនាគាររយៈពេលជាង ៣ឆ្នាំនៅកម្ពុជា សកម្មជនអាវលឿងថៃ លោក វីរៈ ស៊ុំក្វាមឃីត (Veera Somkwamkid) ត្រឡប់ទៅដល់ប្រទេសថៃ ហើយ នៅថ្ងៃទី២ កក្កដា បន្ទាប់ពីលោកត្រូវរដ្ឋាភិបាលស្នើឲ្យព្រះមហាក្សត្រ ប្រទានលើកលែងទោស។
មន្ត្រីរដ្ឋាភិបាលអះអាងថា ការលើកលែងទោសនេះ មិនជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយឡើយ គឺធ្វើឡើងអោយស្របនឹងពិធីដង្ហែព្រះបរមអដ្ឋិធាតុព្រះករុណាព្រះបាទ នរោត្ត សីហនុ ដែលគ្រោងនឹងប្រារព្ធនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ កក្កដា ខាងមុខ។ ផ្ទុយពីនេះ ក្រុមអ្នកវិភាគចាត់ទុកថា នេះជាការបត់បែនថ្មីមួយរបស់រដ្ឋាភិបាលកម្ពុជា។
អ្នកវិភាគស្ថានភាពនយោបាយ ចាត់ទុកការលើកលែងទោសសកម្មជនអាវលឿងថៃ លោក វីរៈ ស៊ុំក្វាមឃីត ថាជារបត់នយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងទំនាក់ទំនងជាមួយរដ្ឋាភិបាលយោធាថៃ នៅក្រោយពេលដែលពលករខ្មែរជាង ២សែននាក់ ត្រូវបញ្ជូនមកវិញ។
អ្នកវិភាគបញ្ហានយោបាយ លោក សុខ ទូច គិតថា ការដោះលែង លោក វីរៈ ស៊ុំក្វាមឃីត នៅពេលនេះ គឺពាក់ព័ន្ធនឹងបញ្ហានយោបាយច្រើនជាង ហើយនេះជាការបង្ហាញពីភាពទន់ភ្លន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយរាជរដ្ឋាភិបាលថៃ គ្រប់គ្រងដោយក្រុមយោធា ដែលមានក្រុមអាវលឿងគាំទ្រ៖ «សំឡេង»។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ ថ្លែងថា ការដោះលែង លោក ស៊ុំក្វាមឃីត នៅពេលនេះ គឺស្របពេលដែលរដ្ឋាភិបាលថៃ គ្រប់គ្រងដោយយោធា បានចាប់បញ្ជូនពលករខ្មែរថៃរាប់ម៉ឺននាក់មកកម្ពុជា វិញ។ លោកគិតថា នេះអាចជាការបន្ទន់ឥរិយាបថមួយដែររបស់រដ្ឋាភិបាលកម្ពុជា ដើម្បីសម្របសម្រួលធ្វើយ៉ាងណាអាចឲ្យពលករខ្មែររាប់ម៉ឺននាក់ អត់ការងារធ្វើអាចត្រឡប់ទៅរស់នៅប្រទេសថៃ វិញបាន៖ «សំឡេង»។
មន្ត្រីរាជរដ្ឋាភិបាលបញ្ជាក់ថា ការដោះលែងសកម្មជនអាវលឿងថៃ លោក វីរៈ ស៊ុំក្វាមឃីត ឲ្យមានសេរីភាពមុនការកំណត់ មិនជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយទេ។ តែអ្នកវិភាគបញ្ហានយោបាយគិតថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែបន្ទន់ឥរិយាបថ ដើម្បីរកសេចក្តីសុខនៃទំនាក់ទំនងការទូតជាមួយប្រទេសថៃ។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់ថា ការដោះលែង លោក ស៊ុំក្វាមឃីត នេះ គឺស្ថិតនៅក្នុងក្របខ័ណ្ឌនៃច្បាប់ មិនមាននិន្នាការនយោបាយ ឬមិនមាននិន្នាការផ្សេងក្រៅពីកាតព្វកិច្ចយុត្តិធម៌ទេ៖ «សំឡេង»។
សកម្មជនអាវលឿងថៃ លោក វីរៈ ស៊ុំក្វាមឃីត ត្រូវបានចាប់ខ្លួនជាមួយសកម្មជនថៃ ៦នាក់ផ្សេងទៀត កាលពីខែធ្នូ ឆ្នាំ២០១០ ពីបទចូលទីលានយោធាកម្ពុជា ក្នុងបំណងទុច្ចរិត និងប្រមូលព័ត៌មានសម្ងាត់ ប៉ះពាល់សន្តិសុខជាតិកម្ពុជា ក្នុងអំឡុងពេលមានជម្លោះដែលថៃ ដណ្ដើមកាន់កាប់តំបន់ព្រំដែនក្បែរប្រាសាទព្រះវិហារ។ លោក វីរៈ ស៊ុំក្វាមឃីត ត្រូវបានតុលាការផ្ដន្ទាទោស ៨ឆ្នាំ និងជំនួយការរបស់លោក គឺលោកស្រី រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន (Ratree Pipattanapaiboon) ចំនួន ៦ឆ្នាំ។ ប៉ុន្តែលោកស្រី រ៉ាត់ទ្រី ត្រូវបានដោះលែងកាលពីខែកុម្ភៈ ក្នុងព្រះរាជពិធីដង្ហែព្រះបរមសពអតីតព្រះមហាក្សត្រ នរោត្តម សីហនុ។
ពាក់ព័ន្ធនឹងទំនាក់ទំនងករណីពលករខ្មែរក្នុងប្រទេសថៃ កាសែតបាងកកប៉ុស្តិ៍ ចុះផ្សាយនៅថ្ងៃទី២ កក្កដា ថា ចំពោះសំណើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលសុំឲ្យភាគីថៃ ពិនិត្យលើការដោះលែងពលរដ្ឋខ្មែរ ១៤នាក់ ដែលកំពុងជាប់ឃុំនៅខេត្តស្រះកែវ ប្រទេសថៃ កាលពីខែមិថុនា នោះ លោក ចាន់ចាវ ឆៃយ៉ានុគីក (Chanchao Chaiyanukij) រដ្ឋមន្ត្រីស្ដីពីក្រសួងយុត្តិធម៌ថៃ អះអាងថា នឹងដោះលែងពួកគេ ហើយកំពុងរង់ចាំមន្ត្រីស្ថានទូតខ្មែរ ប្រចាំក្រុងបាងកក បញ្ជូនបញ្ជីឈ្មោះអ្នកទោសទាំង ១៤នាក់នោះ ទៅភាគីថៃ ដើម្បីធ្វើការដោះលែង។
មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ឲ្យដឹងថា ខាងអគ្គកុងស៊ុលខ្មែរនៅខេត្តស្រះកែវ បានបញ្ជូនបញ្ជីឈ្មោះពលករខ្មែរ ១៤នាក់ ទៅស្ថានទូតខ្មែរប្រចាំក្រុងបាងកក រួចហើយ ហើយស្ថានទូតនឹងបញ្ជូនឈ្មោះនោះបន្តទៅឲ្យភាគីថៃ នៅពេលដែលភាគីថៃ ស្នើសុំបញ្ជីឈ្មោះនោះ។ យ៉ាងណា លោក កុយ គួង នៅមិនទាន់ដឹងពីតម្រុយជាក់លាក់ដែលភាគីថៃ ដោះលែងពលករខ្មែរនៅពេលណាឲ្យច្បាស់នៅឡើយ៖ «សំឡេង»។
ទោះយ៉ាងណា កាសែតថៃ ដដែលបានស្រង់សម្ដីមន្ត្រីថៃ ទទួលបន្ទុកខាងពន្ធនាគារថា ពលករខ្មែរមានតែ ១៣នាក់ គឺមិនមាន ១៤នាក់ទេ ហើយការដោះលែងពួកគេ ទំនងមិនអាចធ្វើឡើងភ្លាមៗដូចដែលភាគីកម្ពុជា ដោះលែង លោក ស៊ុំក្វាមឃីត បានឡើយ គឺអាចធ្វើឡើងតាមច្បាប់អន្តរជាតិ ក្រោមសន្ធិសញ្ញាក្នុងការបញ្ជូនអ្នកទោស។ ក្រៅពីនេះ កាសែតថៃ ដដែលបញ្ជាក់ថា ការដោះលែងអ្នកទោសថៃ លោក វីរៈ ស៊ុំក្វាមឃីត គឺភាគីកម្ពុជា ធ្វើឡើងតាមគម្រោងកម្មវិធីលើកលែងអ្នកទោសតាមទម្លាប់ធម្មតា៕
No comments:
Post a Comment