ពលរដ្ឋនៅតាមបណ្ដាស្រុកនានានៅខេត្តស្វាយរៀង មួយចំនួន បាននាំគ្នាធ្វើដំណើរឡើងមករាជធានីភ្នំពេញ នៅថ្ងៃទី១៨ កក្កដា ដើម្បីទៅតវ៉ាឲ្យតុលាការដោះលែងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ៧រូប ចេញពីពន្ធនាគារ។
ក្នុងការធ្វើដំណើរនោះ មានក្រុមខ្លះត្រូវកម្លាំងអាជ្ញាធររារាំងតាមផ្លូវ មិនឲ្យពួកគាត់បន្តដំណើរទៅមុខនោះទេ ប៉ុន្តែពួកគាត់នៅតែព្យាយាមបន្តដំណើររហូតបានមកដល់រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋខ្លះចេញដំណើរបែបឆក់កណ្ដៀតនៅពេលព្រឹក ពេលថ្ងៃ និងខ្លះទៀតធ្វើដំណើរនៅពេលរសៀល និងពេលយប់ ដោយបំបែកគ្នាចេញពីលំនៅឋានជាក្រុមតូចៗប្រមាណពី ២ ទៅ ៤នាក់ ដើម្បីបង្វែរដានកុំឲ្យអាជ្ញាធរសង្ស័យ និងរារាំងដំណើរ។
ប្រជាពលរដ្ឋអ្នកកាន់សីលម្នាក់ គឺអ្នកស្រី ឡុង ផល្លី រស់នៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ថ្លែងនៅថ្ងៃទី១៨ កក្កដា ថា អ្នកស្រីព្រមទាំងប្រជាពលរដ្ឋដែលរស់នៅក្បែរខាងជាច្រើននាក់ ដែលភាគច្រើនជាអ្នករក្សាសីលផងនោះ បានប្រមូលផ្ដុំគ្នាដោយលួចលាក់ជាក្រុមតូចៗ នៅរសៀលថ្ងៃដដែល ឆ្ពោះទៅរាជធានីភ្នំពេញ។ អ្នកស្រីបន្តថា ពួកគាត់ធ្វើដំណើរចេញទៅរាជធានីដោយលំបាកលំបិននេះ ក្នុងគោលបំណងតែមួយ គឺទៅទាមទារឲ្យតុលាការក្រុងភ្នំពេញ ដោះលែងតំណាងរាស្ត្រជាប់ឆ្នោតគណបក្សប្រឆាំងទាំងអស់ចេញពីពន្ធនាគារជាបន្ទាន់។
អ្នកស្រី ឡុង ផល្លី៖ «ចា៎! គឺបំណងខ្ញុំ គឺយាយៗទាំងអស់ ទៅនេះមានបំណងតែមួយ សុំទាមទារឲ្យដោះលែងតំណាងរាស្ត្រខ្ញុំវិញមក ព្រោះនេះជាការជ្រើសរើស និងការពេញចិត្តហ៊ានបោះឆ្នោតទាំងភ័យផង ខ្លាចផង ខ្លាចគេដឹងផង! ជាការជ្រើសរើសរបស់ពួកខ្ញុំ។ ខ្ញុំចង់ទាមទារត្រង់នេះ។ គាត់មិនដែលគិតពីសុខភាព តាមការពិតទៅឃើញគាត់ឈឺ គាត់ដើរមកតាមផ្ទះប្រជាជនខ្ញុំនៅក្រោលគោ នេះ គាត់ថាគាត់ឈឺផង តែគាត់ចង់មកសួរសុខទុក្ខរបស់យាយៗទាំងអស់»។
មិនខុសគ្នាទេ ប្រជាពលរដ្ឋនៅតាមបណ្ដាស្រុកមួយចំនួនទៀត ក៏នាំគ្នាចូលរួមការរតវ៉ា ដើម្បីជំរុញទៅរដ្ឋាភិបាលនៅក្រុងភ្នំពេញ លើបញ្ហាដូចគ្នានេះដែរ។
តួយ៉ាងដូចជា អ្នកភូមិមកពីស្រុករមាសហែក ម្នាក់ទៀត គឺលោក អិន នៅ មានប្រសាសន៍ថា លោក រួមទាំងអ្នកភូមិក្បែរខាងផងប្រមាណ ២០នាក់ ធ្វើដំណើរទៅដល់រាជធានីភ្នំពេញហើយ ដោយការធ្វើដំណើរនោះ ម្នាក់ៗចំណាយថវិកាផ្ទាល់ខ្លួនពីការលក់មាន់ទា។ បើទោះជាកន្លងមក អាជ្ញាធរធ្លាប់វាយសំពងអ្នកតវ៉ាអោយរបួស អោយហូរឈាម និងដាក់ពន្ធនាគារខ្លះមកហើយក្ដី លោកថា ពួកគាត់មិនរុញរា និងថយក្រោយជាដាច់ខាត លុះណាតែតុលាការដោះលែងតំណាងរាស្ត្រទាំងនោះឲ្យមានសេរីភាព៖ «អត់មានខ្លាចទេ ព្រោះយើងចំណាស់ណេះហើយ យើងទៅខ្លាចម៉េច! យើងអត់មានខុសផងបង! យើងត្រូវការតស៊ូ ហើយបើគេចាប់មិនដឹងធ្វើម៉េច អាហ្នឹងសម្រេចតែនេះ ព្រោះយើងអត់មានខុសផងបង! តស៊ូទាំងអស់គ្នា ស្ម័គ្រចិត្តចាប់ដៃគ្នាទាំងអស់គ្នាហ្នឹង មកដើម្បីស្ម័គ្រចិត្តតស៊ូទាំងអស់គ្នាបង! ចំណែករូបខ្ញុំវិញ រឿងលក់មាន់ ១០គីឡូ តែយើងយកមកតែ ១០ម៉ឺនទេ ទុក ៥ម៉ឺនឲ្យក្រុមគ្រួសារគ្រាន់ទិញម្ហូប»។
ទោះជាយ៉ាងនេះក្ដី ក្រុមអ្នកធ្វើដំណើរមួយចំនួនទៀត ឲ្យដឹងថា នៅតាមផ្លូវត្រូវអាជ្ញាធរប៉ូលិសរារាំងបង្អាក់ដំណើរនៅត្រង់ចំណុចផ្លូវជាតិលេខ១ ស្ថិតនៅភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយមិនឲ្យបន្តដំណើរទៅរាជធានីភ្នំពេញទេ។ ទោះជាយ៉ាងនេះក្ដី ពួកគាត់ទាំងនោះធ្វើដំណើរតាមមធ្យោបាយផ្សេង ទៅដល់រាជធានីភ្នំពេញដូចការគ្រោងទុក។
ទាក់ទងនឹងបញ្ហានេះ ប្រធាននគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំស្វាយតាយាន លោក សុខ សេង មានប្រសាសន៍ថា ការហាមឃាត់ពលរដ្ឋមិនឲ្យទៅរាជធានីភ្នំពេញនោះ ធ្វើឡើងដើម្បីរក្សាសុវត្ថិភាពជូនពួកគាត់ ក្រែងលោកើតអំពើហិង្សាគ្មានអ្នកទទួលខុសត្រូវ៖ «អេ! ខ្ញុំឃាត់តែពួកបងប្អូននៅនឹងឃុំខ្ញុំនេះទេ។ បាទ! ខ្ញុំឃាត់អ្នកដំណើរតាមរថយន្តតាមអីឯណា! បាទ! គាត់មិនទៅទេថ្ងៃហ្នឹង គាត់ទៅផ្ទះវិញអស់ហើយ។ ខ្ញុំសំណូមពរតែប្រជាពលរដ្ឋនៅនឹងឃុំខ្ញុំ ៣នាក់ ៤នាក់ហ្នឹងទេ គាត់ទៅចូលរួមទៅធ្វើអ៊ីចឹង ខ្លាចមានការគ្រោះថ្នាក់ទៅណាស់!»។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តស្វាយរៀង លោក នុត ប៊ូពិនណារ័ត្ន មានប្រសាសន៍ដោយចាត់ទុកការហាមឃាត់ប្រជាពលរដ្ឋធ្វើដំណើរទៅរាជធានីភ្នំពេញរបស់អាជ្ញាធរប៉ូលិសនេះ ថាជាការរំលោភសិទ្ធិមនុស្ស ដោយបិទសិទ្ធិសេរីភាពមិនឲ្យដើរហើរទៅចូលរួមបញ្ចេញមតិ៖ «ព្រៃវែង មានរឿងអី គឺអាជ្ញាធរព្រៃវែង គេជួយមើលការខុសត្រូវហើយ បាទ! ហើយគាត់ឡើងទៅភ្នំពេញ គឺសមត្ថកិច្ចគេមានគ្រប់កន្លែង អ៊ីចឹងគេមិនមានហេតុផលអីដែលយកលេសហ្នឹងត្រង់ហ្នឹងបញ្ជាក់ថា ដោយសារគាត់ឡើងទៅមានបញ្ហាអីៗអ៊ីចឹង វាមិនអាចយកអាសំអាងហ្នឹងមកធ្វើជាលេសបាន»។
សមត្ថកិច្ចទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា បានចាប់ខ្លួនក្រុមតំណាងរាស្ត្របក្សប្រឆាំងចំនួន ៥រូប រួមមាន អ្នកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក កែវ ភីរម្យ លោក រៀល ខេមរិន្ទ្រ និងជំនួយការ អ្នកស្រី មូរ សុខហួរ លោក អឿ ណារិទ្ធ ក្រោយពីមានការផ្ទុះអំពើហិង្សា រវាងក្រុមអ្នកគាំទ្របក្សសង្គ្រោះជាតិ និងកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល កាលពីព្រឹកថ្ងៃអង្គារ ក្នុងបាតុកម្មមួយទាមទារឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ បើកទីលានប្រជាធិបតេយ្យ ដើម្បីឲ្យពលរដ្ឋសម្ដែងមតិ។
នៅថ្ងៃទី១៨ កក្កដា តុលាការក្រុងភ្នំពេញ បញ្ជូនតំណាងរាស្ត្របក្សប្រឆាំងចំនួន ២នាក់ទៀត រួមមាន លោក នុត រំដួល និងលោក ឡុង រី ដាក់គុកព្រៃស៕
No comments:
Post a Comment