A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 29 January 2012

តុលាការ​​បារាំង​​ស៊ើប​អង្កេត​ករណី​គប់​គ្រាប់​បែក​ឆ្នាំ​១៩៩៧ ​ឡើង​វិញ


(RFA/Sok Serey: ៣០-មីនា-២០១០: អ្នក​ចូល​រួម​ពិធី​រំឭក​ខួប​​១៣​​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​ទៅ​លើ​ហ្វូង​បាតុករ​នៅ​ខាង​មុខ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ឈរ​មើល​រូបថត​ឯកសារ​នៃ​ជន​រងគ្រោះ។)
2012-01-28
បើ​ទោះ​បី​ជា​ករណី​គប់​គ្រាប់​បែក​ដៃ​ទៅ​លើ​ហ្វូង​បាតុករ​មុខ​រដ្ឋ​សភា កាល​ពី​ឆ្នាំ​១៩៩៧ បាន​កប់​ទុក​ជា​យូរ​មក​ហើយ​ក៏​ដោយ ក៏​សហគមន៍​អន្តរជាតិ​នៅ​មិន​ទាន់​បោះបង់ និង​ព្រងើយ​កន្តើយ​ចំពោះ​ករណី​នេះ​ដដែល។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​ជំទាស់​ដែល​កំពុង​រស់​នៅ​និរទេស​ក្នុង​ប្រទេស​បារាំង គេច​ពី​ការ​តាម​ចាប់​ខ្លួន​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ឲ្យ​ដឹង​ថា តុលាការ​ទីក្រុង​ប៉ារីស កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា កន្លង​ទៅ បាន​សម្រេច​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ ចំពោះ​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​ទៅ​លើ​ក្រុម​បាតុករ​មុខ​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧។ 
លោក សម រង្ស៊ី៖ «មេធាវី​ខ្ញុំ​នៅ​ប្រទេស​បារាំង បាន​ផ្ដល់​ព័ត៌មាន​ឲ្យ​ខ្ញុំ​ថា អយ្យការ​សាធារណរដ្ឋ​បារាំង ដែល​តំណាង​ឲ្យ​តុលាការ​បារាំង បាន​ធ្វើ​សេចក្ដី​សម្រេច​ថា ឥឡូវ​ត្រូវ​តែ​ស៊ើប​អង្កេត​ឡើង​វិញ យក​សំណុំ​រឿង​ការ​គប់​គ្រាប់​បែក ដែល​ខ្ញុំ​បាន​ចោទ​លោក ហ៊ុន សែន នៅ​ពី​ក្រោយ​ការ​គប់​គ្រាប់​បែក​មុខ​រដ្ឋ​សភា។ ខ្ញុំ​នៅ​តែ​ចោទ​បញ្ហា​នេះ​ដដែល​ថា លោក ហ៊ុន សែន នៅ​ពី​ក្រោយ​ការ​គប់​គ្រាប់បែក​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ហើយ​មាន​ភស្តុតាង​មាន​អី​មួយ​ចំនួន​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​សង្កេតការណ៍​ឯករាជ្យ​ដែល​គេ​សង្ស័យ ហើយ​គេ​ចោទ​លោក ហ៊ុន សែន។ អ៊ីចឹង​តុលាការ​បារាំង ក៏​គេ​យល់​ឃើញ​អ៊ីចឹង​ដែរ​ថា រឿង​នេះ​ច្បាស់​ជា​មាន​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​ហើយ បាន​អាច​ធ្វើ​អ៊ីចឹង​បាន»

កាល​ពី​ឆ្នាំ​២០០០ លោក សម រង្ស៊ី បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ទីក្រុង​ប៉ារីស ក្នុង​នាម​ជា​ពលរដ្ឋ​បារាំង ទាមទារ​ឲ្យ​តុលាការ​នេះ​រក​យុត្តិធម៌​ករណី​គប់​គ្រាប់បែក​មុខ​រដ្ឋ​សភា​មក​លើ​បាតុករ ដែល​ដឹក​នាំ​ដោយ​រូប​លោក ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ។
លោក សម រង្ស៊ី បន្ត​ថា ការ​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ឡើង​វិញ​របស់​តុលាការ ប្រទេស​បារាំង ផ្អែក​លើ​ភស្តុតាង​ជា​ច្រើន​ទទួល​បាន​ពី FBI គេហទំព័រ Wikileak ចំលើយ​របស់​លោក ហេង ពៅ អតីត​ស្នងការ​ក្រុង​ភ្នំពេញ ដែល​បាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ​កាសែត​បរទេស​ក្នុង​ប្រទេស​សិង្ហបុរី រួម​នឹង​ឯកសារ​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​ចំនួន​ទៀត។ 
លោក សម រង្ស៊ី ថ្លែង​ថា តុលាការ​នៃ​ប្រទេស​បារាំង អាច​កោះ​ហៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​អង្គរក្ស​ ២​រូប​ទៀត​របស់​លោក គឺ​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​តុលាការ ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ហើយ​ប្រសិន​បើ​ភាគី​ពាក់ព័ន្ធ​បដិសេធ​នោះ តុលាការ​អាច​មាន​វិធានការ​ថ្នាក់​អន្តរជាតិ​ដើម្បី​ចាប់​បង្ខំ។ 
លោក សម រង្ស៊ី៖ «ហើយ​ការ​ប៉ុនប៉ង​សម្លាប់​ហ្នឹង ក៏​ជា​បទឧក្រិដ្ឋ​មួយ​ដែរ សម្លាប់​មិន​បាន​ក៏​បំណង​សម្លាប់​ហ្នឹង​មាន​ទោស​ដែរ ហើយ ឥឡូវ​មាន​ច្បាប់​ផ្សេង​ទៀត​ទើប​ចេញ​បណ្តើរៗ ទោះ​ជា​ជន​រង​គ្រោះ​មាន​សញ្ជាតិ​អី​ក៏ដោយ ហើយ​បទឧក្រិដ្ឋ​នោះ​បាន​ប្រព្រឹត្ត​នៅ​ទី​ណា​ក៏ដោយ ក៏​ច្បាប់​នោះ​មាន​លក្ខណៈ​អន្តរជាតិ ក៏​គេ​អាច​តាម​ដាន​វែក​មុខ​ជន​ឧក្រិដ្ឋ​ដែរ។ ប៉ុន្តែ​រឿង​នេះ​ខ្ញុំ​ដាក់​ពាក្យ​បណ្ដឹង​លោក ហ៊ុន សែន ប្ដឹង​ក្នុង​ឋានៈ​ខ្ញុំ​ជា​សញ្ជាតិ​បារាំង ដូច្នេះ​តុលាការ​បារាំង ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់»
នៅ​ក្នុង​ឧក្រិដ្ឋកម្ម​គប់​គ្រាប់បែក​នៅ​មុខ​រដ្ឋ​សភា កាល​ពី​ចុង​ខែ​មីនា ឆ្នាំ​១៩៩៧ នោះ បាន​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ១៦​នាក់​ស្លាប់ និង ១០០​នាក់​ផ្សេង​ទៀត​របួស។ 
ទាក់ទិន​ទៅ​នឹង​ការ​សម្រេច​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ​របស់​តុលាការ​ទីក្រុង​ប៉ារីស តាម​បណ្ដឹង​របស់​លោក សម រង្ស៊ី ដែល​បាន​ប្ដឹង​លោក ហ៊ុន សែន ថា ជា​អ្នក​នៅ​ពី​ក្រោយ​ការ​គប់​គ្រាប់បែក​នោះ​ដែរ លោក គី តិច ដែល​ជា​មេធាវី​របស់​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​សុក្រ ទី​២៧ ខែ​មករា ឆ្នាំ​២០១២ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដោយសារ​មិន​ទាន់​សិក្សា​បញ្ហា​នេះ​ឲ្យ​បាន​ស៊ី​ជម្រៅ។
លោក គី តិច៖ «ខ្ញុំ​សុំ​មិន​មាន​មតិ​សិន ព្រោះ​ខ្ញុំ​មិន​ទាន់​ដឹង​រឿង​ហ្នឹង​ច្បាស់ ខ្ញុំ​មិន​ទាន់​មាន​មតិ​ទេ សូម​អធ្យាស្រ័យ»
ប៉ុន្តែ​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​ប្ដឹង​តតាំង​គ្នា​រវាង​លោក សម រង្ស៊ី និង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់​តែ​បង្ហាញ​ពី​ភាព​បែក​បាក់​គ្នា ហើយ​ថា លោក សម រង្ស៊ី ចូល​ចិត្ត​តែ​បង្ក​បញ្ហា​មិន​ចេះ​ចប់។
លោក ផៃ ស៊ីផាន៖ «ការ​ប្ដឹងផ្ដល់​ជា​សិទ្ធិ​មួយ​របស់​ឯកឧត្ដម សម រង្ស៊ី ដើម្បី​ស្វែង​រក​យុត្តិធម៌ ក៏​ប៉ុន្តែ​កាល​មុន​លោក​ប្ដឹង​នៅ​សហរដ្ឋ​អាមេរិក ហើយ​និង​នៅ​ប្រទេស​បារាំង ហើយ​តើ​ប៉ុន្មាន​ប្រទេស​ទៀត​ដែល​គាត់​នឹង​ធ្វើ​ការ​ប្ដឹងផ្ដល់​ឈ្លោះ​គ្នា​ចំពោះ​ឆាក​អន្តរជាតិ​នេះ? ខ្ញុំ​មិន​ដឹង​អ្វី​ដែល​ជា​បំណង​របស់​លោក។ ឯកឧត្តម សម រង្ស៊ី បង្កើត​តែ​បញ្ហា​ដើម្បី​ប្ដឹងផ្ដល់ ដែល​គាត់​យក​បរទេស​ជា​ធំ ហើយ​គាត់​មិន​ដែល​ឲ្យ​ដល់​តុលាការ​កម្ពុជា នោះ​ទេ»
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក ប្រែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី ប្រចាំ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ មករា ថា លោក​គឺ​ជា​សាក្សី​ដឹង​បញ្ហា​នេះ​យ៉ាង​ស៊ី​ជម្រៅ ហើយ​ថា លោក​បាន​ឃើញ​មនុស្ស​ជា​ច្រើន​បាន​ស្លាប់​នៅ​ទី​កន្លែង​កើតហេតុ​មុខ​រដ្ឋ​សភា ហើយ​ជា​ហេតុការណ៍​ដ៏​រន្ធត់​បំផុត ដែល​លោក​មិន​ដែល​ធ្លាប់​ឃើញ​ក្នុង​ឆាក​ជីវិត​របស់​លោក។
លោក​បន្ត​ថា មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គរក្ស​របស់​លោក ហ៊ុន សែន អាច​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​បញ្ហា​នេះ៖ «ខ្ញុំ​គិត​ថា តុលាការ​ប្រទេស​បារាំង មិន​អាច​ចាប់​ខ្លួន​លោក ហ៊ុន សែន ឬ​មនុស្ស​ដែល​ធ្វើ​ការ​ឲ្យ​លោក​បាន​នោះ​ទេ ពីព្រោះ​លោក ហ៊ុន សែន មាន​អភ័យ​ឯកសិទ្ធិ ហើយ​ពួក​គេ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ តុលាការ​បារាំង មិន​អាច​ធ្វើការ​សន្មត​ថា លោក ហ៊ុន សែន ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​នោះ​ទេ ប៉ុន្តែ​គេ​គួរ​ចាប់​ផ្ដើម​បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់​ថា តើ​រឿង​នោះ​វា​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? ខ្ញុំ​គិត​ថា ប្រសិន​បើ​គេ​ធ្វើការ​ស៊ើប​អង្កេត​ឲ្យ​ស៊ី​ជម្រៅ​នោះ ខ្ញុំ​ជឿ​ជាក់​ថា រឿង​នោះ​ពិត​ជា​មាន​ការ​បញ្ជា​ដោយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា ជា​មិន​ខាន់»
របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០០៩ សរសេរ​ថា នៅ​ក្នុង​ថ្ងៃ​កើត​ហេតុ​គេ​ឃើញ​ក្រុម​អង្គរក្ស​របស់​លោក ហ៊ុន សែន ពី​កងពល​លេខ ៧០ បាន​ដាក់​ពង្រាយ​នៅ​ក្បែរ​កន្លែង​ធ្វើ​បាតុកម្ម​មុខ​រដ្ឋ​សភា ហើយ​ក្រុម​មន្ត្រី​យោធា​ជាន់​ខ្ពស់​នៅ​ទី​នោះ មិន​ត្រឹម​តែ​មិន​បាន​ទប់​ស្កាត់​ការ​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​នោះ​ទេ តែ​ពួក​គេ​បាន​បណ្ដោយ​ឲ្យ​ជន​ដៃដល់​រត់​រួច​ខ្លួន​ដោយ​សុវត្ថិភាព​ទៅ​វិញ។ 
កាសែត The Washington Post កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​១៩៩៧ បាន​ដក​ស្រង់​របាយការណ៍​សំងាត់​របស់ FBI ចុះ​ផ្សាយ​ថា ជន​ដៃដល់​ដែល​វាយ​ប្រហារ​គ្រាប់បែក​ដៃ​ទៅ​ហ្វូង​បាតុករ​នា​ពេល​នោះ ជា​មនុស្ស​របស់​កង​កម្លាំង​អង្គរក្ស​លោក ហ៊ុន សែន ដែល​កាល​ណោះ​លោក​ជា​នាយករដ្ឋមន្ត្រី​ទី២។ 
របាយការណ៍​បឋម​របស់ FBI ដែល​បាន​ស៊ើប​អង្កេត​ក្នុង​រយៈពេល ២​ខែ​ដំបូង តាម​រយៈ​បណ្ដឹង​របស់​លោក រ៉ន អាប់នី ពលរដ្ឋ​អាមេរិកាំង​ដែល​បាន​រងគ្រោះ​ក្នុង​ហេតុការណ៍​គប់​គ្រាប់បែក​នោះ​ដែរ បាន​ឲ្យ​ដឹង​ថា ភ្នាក់ងារ FBI ដែល​ចុះ​ទៅ​កម្ពុជា នៅ​ពេល​នៅ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចាកចេញ​ពី​កម្ពុជា នៅ​ខែ​ឧសភា ឆ្នាំ​១៩៩៧ មុន​ពេល​បញ្ចប់​ការ​ស៊ើប​អង្កេត។ នៅ​ពេល​នោះ​លោក ខេនណិត ឃ្វិន (Kenneth Quinn) អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក បាន​ប្រាប់​ភ្នាក់ងារ FBI ទាំង​នោះ​ថា ពួក​គេ​ត្រូវ​បាន​ភ្នាក់ងារ​រដ្ឋាភិបាល​កម្ពុជា កំណត់​មុខ​សញ្ញា​ដើម្បី​ធ្វើ​ឃាត ហើយ​ថា ស្ថានទូត​សហរដ្ឋ​អាមេរិក មិន​អាច​ការពារ​សុវត្ថិភាព​របស់​ពួក​គេ​បាន​គ្រប់គ្រាន់​នោះ​ឡើយ ។
រហូត​មក​ទល់​យុត្តិធម៌​នៅ​តែ​អវត្តមាន​នៅ​ឡើយ​សម្រាប់​ជន​រង​គ្រោះ​ដែល​បាន​បាត់​បង់​ជីវិត​នៅ​មុខ​រដ្ឋ​សភា​ជាតិ នា​ឆ្នាំ​១៩៩៧ ពី​ហេតុការណ៍​វាយ​ប្រហារ​គ្រាប់បែក​ដៃ​យ៉ាង​រន្ធត់​មួយ​នេះ៕

No comments: